Cd-621-04
ស្ថាបត្យកម្មមន-ខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ( ភាគ៤ )
ទោះបីយ៉ាងនេះក្តី សមិទ្ធិផលសង្គមសំខាន់ជាងគេ គឺការស្ថាបនានូវភូមិមូល ឬបន្ទាយគូរក្នុងភូមិភាគនេះ ដែលបានគ្របដណ្តប់ទូទាំងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។ បើយើងនិយាយអំពីការបូជាសព យើងឃើញមានការកប់សពក្នុងដីផ្ទាល់ ឬក៏ការយកសាកសពទៅដាក់ក្នុងពាងធ្វើអំពីដីដុត ឬថ្ម រួចគេយកទៅកប់ក្នុងដី ។ កម្រណាស់ដែលគេយកសពទៅដុតនឹងភ្លើង ហើយយកកំទេចឆ្អឹងកប់ក្នុងក្រឡ ឬពាងធ្វើអំពីដីដុតនោះ ។
សរុបមក ខ្មែរមុនឥណ្ឌាចូលស្រុក បានស្គាល់នូវវិស័យស្ថាបត្យកម្មឈើរួចមកហើយ។ ដូច្នេះយើងអាចសន្និដ្ឋានបានថា យោងតាមឯកសារ និងការស្រាវជ្រាវ យើងអាចយល់ដឹងអំពីស្ថាបត្យកម្ម ដែលពាក់ព័ន្ធទៅនឹងជំនឿលើភាពអមតៈ និងជំនឿ លើការចាប់ជាតិឡើងវិញក្រោយពីស្លាប់ ។ ទាំងនេះ គឺជាមែកធាងមួយនៃវប្បធម៌ខ្មែរយ៉ាងប្រាកដ ។
សូមជម្រាបបញ្ជាក់ថា ក្នុងបរិវេណនៃភូមិមូល ឬ បន្ទាយគូរនីមួយៗ ដែលធ្វើអំពីដីលើកមានរាងមូល ឬពងក្រពើ ដោយមានគូរទឹកជុំវិញ នោះ គេឃើញស្លាកស្នាមនៃផ្ទះសម្បែងដែលបានផ្គុំគ្នាឲ្យក្លាយទៅជាភូមិ រោងសិប្បកម្មព្រមទាំងស្រែចំការ។ ទំហំនៃភូមិទាំងនោះ មិនស្មើគ្នាទេ រួចមានទំហំ (វិជ្ឈមាត្រ) ជិតដល់ ១គីឡូម៉ែត្រ ដូចករណីភូមិមូលនៅម្តុំជើងឯក រាជធានីភ្នំពេញបច្ចុប្បន្ន ហើយខ្លះទៀតមានទំហំត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះ។ ជាមួយភូមិមូល ដែលជាទីប្រជុំជននា សម័យបុរេប្រវត្តិសាស្ត្រនោះ យើងក៏បានឃើញមាននូវគូរទឹកហ៊ុំព័ទ្ធនៅជុំវិញនៃសំណង់ស្ថាបត្យកម្មទាំងនោះដែរ ដូចករណីគូរទឹកខាងក្នុង និងគូរទឹកខាងក្រៅដែលហ៊ុំព័ទ្ធទីក្រុងសុរិន្ទ្រ ដែលវាមានប្រវែងជាច្រើនគីឡូម៉ែត្រ។សូមកត់សម្គាល់ផងដែរថា រាល់ស្ថាបត្យកម្មខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ ក៏មានការវិវត្តន៍ផ្សេងៗទៅតាមតំបន់នីមួយៗផងដែរ។
ដូច្នេះហើយបានជានៅតំបន់ខ្ពង់រាបខ្លះ គេឃើញមានការប្រើក្តារមឈូសឈើ សម្រាប់បញ្ចុះសពដូនតា ដូចជាកញ្ជនៈបុរីជាដើម។ សូមជម្រាបថា ក្រៅពីក្តារមឈូសថ្ម ឬឈើ ដែលបុព្វបុរសមន-ខ្មែរ បានបន្សល់ជាស្នាដៃដ៏សំខាន់ ប្រពៃណីប្រើក្តារមឈូសឈើខាងលើនេះ ក៏ត្រូវបានបន្តរហូតដល់សព្វថ្ងៃដែរ ជាពិសេសនៅតាមតំបន់ព្រៃភ្នំក្នុងឧបទ្វីបឥណ្ឌូចិន។មានន័យថា ការដែលសហគមន៍មន-ខ្មែរនៅប្រទេសកម្ពុជា និង លាវ ក៏ដូចនៅប្រទេសវៀតណាមកណ្តាល និងត្បូងបច្ចុប្បន្ន នៅតែប្រើ
ក្តារមឈូសឈើ ដើម្បីបញ្ចុះសពដូចនៅសម័យមុនឥណ្ឌូរូបនីយកម្ម មិនគ្រាន់តែធ្វើឲ្យឃើញនូវចំណាស់នៃខឿនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យឃើញនិរន្តភាពនៃវិស័យស្ថាបត្យកម្មផងដែរ។យើងយល់ថា មានការខ្វះខាតច្រើន ក្នុងការស្រាវជ្រាវដំបូងនេះ ប៉ុន្តែគប្បីយើងត្រូវបញ្ចូលក្នុងអត្ថបទនេះនូវស្លាកស្នាម ពាក់ព័ន្ធទៅនិងផ្ទះសម្បែងនាសម័យនោះដែរ។ ព្រោះថា លំនៅស្ថាន សម្រាប់មនុស្ស ក៏ដូចលំនៅស្ថានជាទីសក្ការៈរបស់ពពួកអារុក្ខអារក្ស ដូចជាខ្ទមអ្នកតាជាដើម គឺត្រូវបានបង្កើតឡើងដោយបុព្វការីជនខ្មែរសុទ្ធសាធ ពោលគឺមិនមែនជាកម្ចីបរទេសនោះទេ៕ (ម.ត្រាណេ)