វត្តអារាម ឬព្រះវិហារនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ដែនដីគោក និងទឹកយើងនេះត្រូវបានប្រសូតឡើង នៅក្នុងប្រទេស ឥណ្ឌាដែលជាដែនដីកំណើតរបស់លទ្ធិព្រះពុទ្ធសាសនា។
មានតែតាមរយៈប្រភពសិលាចារឹកទេដែលយើងអាចដឹងអំពីវត្តមានអំពីវត្តអារាម ឬព្រះវិហារនៅលើទឺកដីនៃអតីតព្រះរាជាណាចក្រកម្ពុជា។ ហើយសម័យកាលនោះគឺជា សម័យកាលដែលស្ថិតពីស.វទី៣ ដល់ទី ៦-៧នៃគ.ស។
ក្រៅពីនេះ វិស័យបុរាណវិទ្យារួមផ្សំជាមួយកាលប្បប្រវត្តិចិនក៏បានផ្ដល់នូវពត៌មានដោយឲ្យយើងដឹងពីប្រភពរបស់វត្តអារាមក្នុងអាណាចក្រហ្វូ-ណន និងចេនឡាផងដែរ។….
សិលាចារឹកថ្មីៗនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ
សូមជម្រាបថា នាគ្រាបឋមនៃប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា នាសម័យហ្វូ-ណន(នគរភ្នំ) និងចេនឡា កាលនោះលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាទាំងពីរយាន ពោលគឺ ហិនយាន និងមហាយានដែលមានប្រភពចេញពីប្រទេសឥណ្ឌាត្រូវបានប្រារព្ធក្នុងពេលជាមួយគ្នាដោយប្រមុខដឹកនាំនិងប្រជាជនខ្មែរ។
ផ្ទាំងសិលាចារឹកខ្មែរដែលចាស់ជាងគេបំផុត មិនមែនសិលាចារឹកវ៉ូកាញ នាដើមស.វទី៣នោះទេ ដែលទាក់ទិនទៅនឹងព្រហ្មញ្ញសាសនាសុទ្ធសាធ គឺសិលាចារឹកអ្នកតាដំបងដែក ក្នុងខេត្តតាកែវ ដែលបានបញ្ជាក់ពីការគោរពបូជាប្រតិបត្តិ លទ្ធិព្រះពុទ្ធសាសនា។ ព្រោះថា សំណេរថ្មនេះ ដែលត្រូវបានចារឡើងព្រះអគ្គមហេសីរបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន ព្រះនាមថា កុលប្រភាវតី ព្រះអង្គបានជ្រះថ្លាចំពោះព្រហ្មណ៍សាសនា និងពុទ្ធសាសនា បានស្ថាបនានូវមូលនិធិសាសនាមួយចំនួន។
ប្រភពពត៌មានបានឲ្យដឹងថា វត្តអារាម ឬព្រះវិហារត្រូវបានបង្កបង្កើតឡើងក្នុងសម័យពុទ្ធកាលម៉្លេះ នៅទីក្រុងសាវត្តី ជាលើកដំបូងបង្អស់ក្នុងខណៈដែលសមាជិកឬសាវ័កមានចំនួនកាន់តែច្រើនឡើងៗដោយមហាសេដ្ឋីម្នាក់ជ្រះថ្លាក្នុងលទ្ធិព្រះពុទ្ធសាសនា ហើយបន្ទាប់មកក៏បានរីកដុះដាលទៅតាមអាណាខេត្តផ្សេងៗនៃប្រទេសឥណ្ឌាបុរាណ។ (ម.ត្រាណេ)