Cd-789-03
ប្រភពជនជាតិខ្មែរតាមទស្សនៈរបស់លោកអាដឺម៉ារ ឡឺក្លែរ ( ត )
ជាអវសាន លោកក៏បានបញ្ជាក់ផងដែលថា ’
ថ្វីបើមានរឿងព្រេងដែលបានក្លាយទៅជាប្រពៃណីរបស់ប្រជាជនកម្ពុជាទៅហើយ ហើយបើទោះជារឿងព្រេងទាំងនោះ មានមូលដ្ឋានផ្អែកទៅលើប្រវត្តិសាស្ត្រខ្លះក៏ដោយ ក៏គេមិនអាចយករឿងទាំងអស់នោះជាគោល ដើម្បីសរសេរប្រវត្តិសាស្ត្រនៃសម័យកាលនេះ បានទាំងស្រុងដែរ ។ ក៏ប៉ុន្តែ ជាសំណាងល្អសម្រាប់សតវត្សរ៍ទី៥ ដែលយើងនៅមានប្រភពព័ត៌មានច្បាស់លាស់ផ្សេងទៀត គឺដំបូងមានសិលាចារឹក និង បន្ទាប់មកទៀតមានឯកសារប្រវត្តិសាស្ត្រចិន ដែលយើងបានប្រើប្រាស់ជាច្រើនណាស់មកហើយ សម្រាប់សតវត្សរ៍មុនៗ ”។ មកត្រឹមនេះ រឿងរ៉ាវដែលយើងបានដឹងអំពីព្រាហ្មណ៍ឈ្មោះ កោណ្ខញ្ញៈ ឬក៏ព្រាហ្មណ៍ត្រកូលកោណ្ឌញ្ញៈ ដែលធ្វើដំណើរចេញពី ប្រទេសឥណ្ឌា មកសោយរាជ្យនៅប្រទេសកម្ពុជា មានព្រះនាមថា ជ័យវរ្ម័ន មិនប្រាកដថាសុទ្ធតែជារឿងព្រេងទាំងអស់នោះទេ ។ តាមមើលទៅ វាហាក់ដូចជាមានការលុកលុយរបស់ពួកហិណ្ឌូ ប្រហែលជាពាក់កណ្តាលសតវត្សរ៍ទី៥ នៃគ្រិស្តសករាជ ។ ពួកនោះ ចេញមកពីប្រទេសឥណ្ឌាភាគខាងត្បូង គឺចេញពីតំបន់ដេកង់ ធ្វើដំណើរកាត់ រាជាណាចក្រប៉ានប៉ាន នៅខាងជើងទៀបកោះម៉ាឡាកា មកកាន់ កម្ពុជា ។ មេកាយរបស់ពួកនោះ ឈ្មោះ កោណ្ឌញ្ញៈ បានត្រូវប្រកាសលើកជាស្តេចនៃនគរបល្វវៈ នៅឥណ្ឌា និងស្តេចចាម នៅតាមមាត់សមុទ្រ ខាងកើតនៃឥណ្ឌូចិន តែងតែប្រកាន់យករួចមកហើយ ”។
ខាងលើនេះ គឺជាទស្សនៈទានរបស់លោក ឡឺក្លែរ ដែលបានធ្វើឡើងកាលពី ១០០ឆ្នាំមុន ដោយផ្អែកលើការវិភាគទិន្នន័យបែបគុណវិស័យ ឬការសាកសួរផ្ទាល់មាត់ច្រើនជាងការវិភាគឯកសារប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ ដូច្នេះគប្បីត្រូវពិនិត្យទិន្នន័យទាំងនោះឡើងវិញ ដោយយោងតាមរបកគំហើញថ្មីខាងវិទ្យាសាស្ត្រ។ ជាសង្ខេប យើងអាចកត់សម្គាល់ថា ការមិនវិភាគល្អិតល្អន់ ហើយយកទស្សនៈរបស់អ្នកនិពន្ធខាងលើនេះថា ជាព្រះគម្ពីរវេទនោះ នាំឲ្យមានការខុសឆ្គងក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងប្រភពនៃជនជាតិខ្មែរ។ បើយើងយោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីៗនេះ យើងនឹងឃើញមានហេតុផលជាវិជ្ជមានមួយចំនួនដែលមានដូចខាងក្រោម៖ មតិមួយទៀតដែលថា ព្រះនាងលីវយី គឺជាក្សត្រីយ៍ខ្មែរទីមួយ មុនហ៊ុនទៀន ឬកៅណ្ឌិន្យ គឺជាមតិមិនសមស្របទៅនឹងបរិបទសង្គមវប្បធម៌មុនឥណ្ឌូរូបនីយកម្ម ដែលប្រជាជនខ្មែររស់ជាសហគមន៍ ឬជាកុលសម្ព័ន្ធតូច-ធំ ក្រោមការទទួលខុសត្រូវពីមេកន្ទ្រាញ។ ការជឿដូច្នោះបណ្តាលមកពីគេភ្លេចថា របបរាជានិយម ឬរាជាធិបតេយ្យខ្មែរ មានប្រភពចេញពីប្រទេសឥណ្ឌា។ ដោយសារការមិនដែលឃើញ គិតមិនយល់រកហេតុផលមិនត្រូវ ហើយមិនយល់ថា អ្វីជាមរតកវប្បធម៌ឥណ្ឌា ក៏នាំឲ្យគិតខុសដូច្នោះ។ មតិមួយទៀតដែលថា ប្រទេសខ្មែរត្រូវបានត្រួតត្រាដោយស្តេចចាមជាច្រើនអង្គ មុនវត្តមានរបស់សន្តតិវង្សកៅណ្ឌិន ឬវរ្ម័ន មតិនេះក៏គ្មានមូលដ្ឋានអ្វីច្បាស់លាស់ដែរ។ ចំពោះវត្តមានរបស់ស្តេចចាម យើងមិនដែលឃើញមានក្នុងកំណត់ហេតុចិន និងសិលាចារឹកម្តងណាសោះ គ្រាន់តែឃើញក្នុងរឿងព្រេងនិទានតែប៉ុណ្ណោះ។ ចំពោះយើង បើគេជឿលើអ្វីដែលគេជឿលើអ្វីដែលគេមិនអាចផ្ទៀងផ្ទាត់ ឬមើលឃើញ ពោលគឺជឿស្មានៗ គឺមិនសមហេតុផលឡើយ។ សូមកុំភ្លេចថា ពាក្យចម្ប៉ាសាក់ មិនមែនជាទឹកដីរបស់នគរនៃជនជាតិចាម ដែលរួមឈាមជ័រខាងជាតិពិន្ធុវិទ្យាជាមួយទាំងជនជាតិម៉ាឡេនៅម៉ាឡេស៊ី ទាំងជនជាតិជ្វានៅកោះជា ឬហ្សាវ៉ានោះទេ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ពាក្យចម្ប៉ាសាក់ គឺជាពាក្យផ្សំគឺ ពាក្យចម្ប៉ាមកពីស័ព្ទសំស្ក្រឹត និង ស័ព្ទ សាក់ ដែលជាពាក្យបំព្រួញនៃពាក្យបាសាក់ ដែលសំដៅដងទន្លេបាសាក់។ មែនពិត ក្នុងរឿងព្រេងនិទានខ្មែរ និងលាវ ច្រើននិយាយទាក់ទងនឹងចម្ប៉ាសាក់ និង ចាម ដែលពិបាកនឹងជឿថា ជាការពិត ដូចក្បាលចាម ក្បាលស្តេចចាម និងសិល្បៈចាមជាដើម ហើយជាអ្វីមួយដែលអ្នកនិពន្ធបរទេសធ្វើតាមតៗគ្នា។ បើពួកគេធ្វើតាមការជឿរបស់អ្នកស្រុកអីចឹង ក៏គួរងាកបែរស្រាវជ្រាវរាវរកទិន្នន័យខាងបុរាណវិទ្យាផងដែរ។ សរុបសេចក្តីមក គេគួរបដិសេធចំពោះមតិដែលទើបតែលើកឡើងខាងលើនេះ កាលបើគេគិតឲ្យល្អិតល្អន់។ ព្រោះថា រហូតដល់សព្វថ្ងៃ គេពុំមែនជួបប្រទះនូវព័ត៌មានណាមួយយ៉ាងប្រាកដប្រជាទាក់ទិនទៅនឹងស្លាកស្នាមវប្បធម៌របស់ជនជាតិចម្ប៉ាក្នុងប្រទេសលាវ ឬខ្មែរនោះទេ។ បើនិយាយម្យ៉ាងទៀត យើងអាចស្របមតិនិងរឿងព្រេងនិទានទាំងនោះបាន ឬអាចសន្និដ្ឋានថាយ៉ាងនោះមែន លុះត្រាតែបានជួបប្រទះនូវតឹកតាងដ៏រឹងមំាណាមួយ។ ខាងលើនេះ គឺជាបញ្ហាពាក់ព័ន្ធទៅនឹងប្រភពនៃពាក្យចម្ប៉ាសាក់ និងចម្ប៉ា ដែលមានប្រភពចេញពីឥណ្ឌា។ អ្វីដែលគួរកត់ត្រានៅទីនេះ គឺក្នុងសម័យខ្មែរនាស.វទី១៩ ពាក្យជ្វាព្រាហ្មណ៍មានន័យថា ព្រាហ្មណ៍ឥណ្ឌា ដែលមកពីកោះជ្វា ឬស៊ូមាត្រា (ម៉ាឡេស៊ី) ពោលគឺ មិនមែនសំដៅទៅតែពួកជ្វា ដែលកាន់សាសនាព្រាហ្មណ៍នោះទេ។ យ៉ាងណាមិញ ដូចលោក ឡឺក្លែរ ពាក្យចម្ប៉ា ឬចាម ដែលស្ថិតនៅខាងកើតនៃពួកខ្មែរ ឬកម្ពុជៈ គឺជាពួកអ្នកផ្សងព្រេង ឬចោរសមុទ្រ (ពួកគេ) បានធ្វើដំណើរចេញពីកោះធំៗ ដែលមានឈ្មោះសព្វថ្ងៃថា ស៊ូមាត្រា កោះជ្វា និងប្រហែលជាចេញពីកោះតូចក្បែរៗនោះផងដែរ។ ពួកនេះមកតាំងទីនៅមាត់សមុទ្រ រួចហើយបានដណ្តើមទឹកដីសមុទ្រ ត្រង់កន្លែង កូសាំងស៊ីន និងអាណ្ណាមសព្វថ្ងៃទាំងស្រុង ឬមួយចំណែក (អតីតទឹកដីនគរភ្នំ) មុនពួកហិណ្ឌូមកដល់។ បន្ទាប់មក អាស្រ័យដោយចំណងមត្រីភាពជាមួយអ្នកស្រុក ដែលរស់នៅតាមមាត់សមុទ្រនេះ ក៏សម្រេចបង្កើតបានជាជាតិមួយនៅរវាងស.វទី ២ មុនគ.ស ដែលពួកចិនហៅថា នគរលិនយី ហើយដែលក្រោយមក មានឈ្មោះថា ’ចម្ប៉ា។ ចំណុចជាអវិជ្ជមានមួយទៀត ដែលយើងត្រូវជ្រាប ការផ្សព្វផ្សាយវប្បធម៌ឥណ្ឌា ជាពិសេសវិស័យ សាសនា មិនមែនត្រូវបានអនុវត្តឡើងក្នុងសង្គមខ្មែរ ដោយការធ្វើសង្គ្រាមវាតទឹកដីនោះទេ ក៏ប៉ុន្តែត្រូវបានធ្វើឡើងដោយសន្តិវិធីតាមរយៈ ការធ្វើជំនួញជួញប្រែដែលមានលក្ខណៈជាអន្តរជាតិ។ ចម្បាំងរវាងព្រះនាងលីវយី និងហ៊ុនទៀន គឺមានលក្ខណៈជាទេវកថាវិទ្យាតែប៉ុណ្ណោះ ដូចករណីការប្រណាំងកសាងភ្នំ ឬ ប្រាសាទរវាងបុរស និង ស្ត្រីដែរ ដែលគេរមែងតែជួបប្រទះក្នុងរឿងព្រេងបុរាណខ្មែរ។ ជាអវសាន ចំពោះយើង បញ្ហាមហស្ចារ្យនៃស្តេចចាម ដែលជនជាតិខ្មែរបានចងចាំនោះ ដែលជារឿងហួសនិស័យក៏មែនពិត ព្រោះពុំមែនភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ពីភាពត្រឹមត្រូវ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺវាប្រហែលជាព័ត៌មានជាប្រយោលមួយ ខាងប្រវត្តិសាស្ត្រ ដែលបង្ហាញនូវទំនាក់ទំនងវប្បធម៌ដ៏យូរលង់នាសម័យបុរេប្រវត្តិសាស្ត្ររវាងនគរភ្នំ និងជ្រោយមលយូ និងកោះជ្វាតែប៉ុណ្ណោះ។ បន្ថែមពីនោះទៀត គួរកត់សម្គាល់ថា ព័ត៌មានជាវិជ្ជមាន ដែលយើងត្រូវយកចិត្តទុកដាក់ជាសំខាន់ទៅលើបញ្ហាចម្បងៗមួយចំនួនទៀតគឺ ប្រភពនៃប្រជាជនខ្មែរ និងសម្ព័ន្ធភាពខាងជាតិពិន្ធុវិទ្យារវាងជនជាតិខ្មែរនិងមននៅប្រទេសភូមាបច្ចុប្បន្ន។ ការខិតខំស្រាវជ្រាវរបស់របស់លោក ឡឺ ក្លែរ បានផ្តល់នូវអត្ថប្រយោជន៍ ហើយលោកបានចូលរួមវិភាគទានជាវិជ្ជមានដល់ការទម្លាយអាថ៌កំបាំងពាក់ព័ន្ធទៅនឹងដើមកំណើតនៃជាតិសាសន៍ខ្មែរមុនគេមុនឯង។ ក្រោយពីបានសិក្សាប្រព័ន្ធនៃការរាប់ចំនួនខ្មែរ លោកអាដឺម៉ារ ឡឺក្លែរ បានសន្និដ្ឋានថា ជនជាតិខ្មែរ និងព្នង គឺក្នុងអម្បូរមនុស្សខាងជាតិពន្ទុ គឺអម្បូរមន ខ្មែរ ឬអូស្ត្រូ អាស៊ីអាតិច ។ ក្នុងអត្ថបទមួយ (Cf. La numeration chez les Khmers ou Cambodgiens, Societe d'Ethnographie de Paris, No 1, 15 oct, 1914) ។ លោកបានបញ្ជាក់ថា : ’ ពួកខ្មែរ គឺជាសាសន៍មួយមានខ្សែស្រឡាយជាមួយកុលសម្ព័ន្ធព្រៃភ្នំ ហើយជារដ្ឋវាសី ហើយរស់នៅទឹកដី (កំណើត) របស់ខ្លួនតាំងតែសម័យបុរេប្រវត្តិសាស្ត្រម្ល៉េះ” ។ ចំណែកពួកមនដែលបានបង្កើតអាណាចក្រទ្វារវតី ពួកគេបានបែកចេញពីខ្មែរ ដែល បានបង្កើតរដ្ឋនគរភ្នំ ក្រោយពីការបែកបាក់នៃរដ្ឋនេះនៅសតវត្សទី៦ ។ នេះបើសំអាងលើការសន្និដ្ឋានរបស់លោក ណៃ ប៉ាហ្លា ក្នុងអត្ថបទ សរសេរនៅឆ្នាំ១៨៧២មួយ (Cf. Nai Pan Hla, The Khmer Bronze figurines in Burma, in The Guardian, Jan 25, Rangoon, 1972) ។
សូមជម្រាបថា ទស្សនៈដ៏ត្រឹមត្រូវនេះបង្ហាញឲ្យដឹងថា មុនការមកនៃជាតិឥណ្ឌាដែលបានពាំនាំមកជាមួយនូវការសាបព្រោះវប្បធម៌ លើប្រជាជនខ្មែរនៅហ្វូណន ឬនគរភ្នំ ។ មូលហេតុដែលយើងរំលឹកទស្សនៈនេះឡើងវិញ ព្រោះរហូតដល់សព្វថ្ងៃ ការខុសឆ្គងដែលលោកឆ្លាប់ពោលពីមុន ពុំទាន់មានការកែ តម្រូវឡើងវិញនៅឡើយ ។ សូមរំលឹកថា ជាពិសេសក្នុងសៀវភៅប្រវត្តិសាស្ត្រខាងលើ គឺក្នុងសៀវភៅដ៏សំខាន់ខាងលើនេះហើយ ដែលជា ឯកសារប្រវត្តិសាស្ត្រ អ្នកនិពន្ធខ្លះបានសរសេរដោយភាន់ច្រឡំថា ជនជាតិខ្មែរមានប្រភពមកពីឥណ្ឌាជាពិសេសចេញមកពីប្រាស្ថៈ (ឥន្នបាទ ស្ថិតក្បែរទីក្រុងដែល្លី សព្វថ្ងៃប្រមាណ១៥គ.ម) ។ ជារួម សរសេរនៅចុងសតវត្សរ៍ទី១៩ ហើយបោះពុម្ព នៅដើមសតវត្សទី២០ ស្នាដៃរបស់លោក អាដឺមារ ឡឺក្លែរ ទោះជាមានកង្វះខាតយ៉ាងណាក៏ដោយ ក៏មានអត្ថប្រយោជន៍យ៉ាង សំខាន់សម្រាប់ប្រវត្តិសាស្ត្រខ្មែរ តាមពិតទៅគេត្រូវរងចាំដល់រវាងឆ្នាំ១៩៥២ និង១៩៦៦ ទើបប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាមានមូលដ្ឋានប្រាកដប្រជាជាង ជាពិសេសក្រោយពីការសិក្សាវិភាគនៃផ្ទាំងសិលាចារឹកខ្មែរចំនួនជាង១៣០០ផ្ទាំងដោយ លោក ហ្សក ស៊ឺដេស និង អ្នកដែលបន្តវេនពីអ្នក ប្រាជ្ញរូបនេះ។ តែទោះជាយ៉ាងនេះក្តី ក៏ស្នាដៃជាច្រើនរបស់អ្នកប្រាជ្ញខាងលើនេះ នៅតែជាប្រទីបមួយសម្រាប់ខេមរវិទ្យា ដែលខកខានពុំបាន កាលបើគេចង់សិក្សាអំពីខ្មែរ៕ (ម.ត្រាណេ)