Cd- 669-02
កម្ចីអក្សរសិល្បិ៍ និង ភាសាខ្មែរ ដោយជនជាតិថៃ នៅសុខោទ័យ
( តពីលើកមុន )
បើនិយាយម្យ៉ាងទៀត តាមរយៈវិស័យអក្សរសិល្ប៍ យើងអាចឃើញឥទ្ធិពលវប្បធម៌ខ្មែរលើពួកថៃ ចាប់តាំងពីចុងសតវត្សទី ១៣ ក្នុងខណៈដែលជនជាតិថៃ ទើបតែបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនឡើង ក្រោយពីបានផ្តួលរំលំរាជរដ្ឋាភិបាលខ្មែរនៅសុខោទ័យ និង បន្ទាប់មកទៀតនៅអយុធ្យា មុនផ្លាស់ប្តូររាជធានីពីខេត្តនេះទៅកាន់បាងកក នៅស.វទី ១៨ ក្រោយពីកងទ័ពភូមាបានដុតបំផ្លាញអយុធ្យា។ ជារួម ចំពោះមរតកអក្សរសាស្ត្រថៃ និង ខ្មែរ (រឿងរាមកេរ្តិ៍, មហាវេសន្តរ និងជាតកផ្សេងៗឯទៀត) យើងអាចនិយាយបានថា មានប្រភពតែមួយដូចមូលហេតុខាងលើ ដែលទើបពិពណ៌នា។ មិនតែប៉ុណ្ណោះសោត តាមរយៈឥទ្ធិពលនេះ យើងក៏ឃើញកម្ចីពាក្យខ្មែរយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនថៃផងដែរ។ ពាក់ព័ន្ធទៅនឹងភាសា ត្រូវកត់សំគាល់ថា ជាការពិតណាស់ដែលភាសាថៃ មិនមែនឋិតក្នុងអម្បូរភាសាមន-ខ្មែរនោះទេ ហើយក៏មិនមែនជាភាសាកម្ចីពីខ្មែរដែរ។ ប៉ុន្តែផ្ទុយទៅវិញភាសាថៃ ឋិតក្នុងអម្បូរភាសាថៃ-វៀត បើយោងតាមលទ្ធផលបឋមលម្អិតនៃការវិភាគថ្មី ខាងភាសាសាស្ត្រនាដើមស.វទី ២១នេះ។ បើនិយាយម្យ៉ាងទៀត ការរួមរស់ក្នុងសង្គមមួយដែលប្រជាជនភាគច្រើនជាខ្មែរ ហើយនិយាយភាសាខ្មែរ ជនជាតិថៃដែលជាអ្នកចំណូលថ្មីតែងតែខ្ចីនូវស័ព្ទបច្ចេកទេស និងសាសនា ដែលមានក្នុងភាសាខ្មែរ ដើម្បីធ្វើជាយានអភិវឌ្ឍន៍ភាសាជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ ពោលគឺកម្ចីពាក្យខ្មែរបានធ្វើឲ្យភាសាប្រចាំជាតិរបស់ខ្លួនឲ្យមានភាពសម័យទំនើប ហើយប្រកបដោយលក្ខណៈសម្បូរបែបអស្ចារ្យ។ ដូច្នេះហើយបានជា ក្នុងភាសាថៃសព្វថ្ងៃនេះ គេបានជួបប្រទះនូវស័ព្ទ ឬពាក្យខ្មែរនាសម័យមុនអង្គរ និងអង្គរជាច្រើន។ សូមជម្រាបថា កម្ចីនូវស័ព្ទខ្មែរទាំងនោះ ត្រូវបានធ្វើឡើងក្នុងសម័យវប្បធម៌សុខោទ័យ និង អយុធ្យា។ ហើយស្ថានភាពនេះ ត្រូវបានបន្តរហូតដល់សម័យក្រោយអង្គរ និង បច្ចុប្បន្ន ក្នុងខណៈដែលខេត្តមួយចំនួននៅលើខ្ពង់រាប សុរិន្ទ្រ ស៊ីសាកេត នគររាជសិមា អ៊ូប៊ុន យសោថន រយអែត៘ ត្រូវបានដណ្តើមបានពីខ្មែរ ក្រោយពីរជ្ជកាលរបស់ព្រះបាទអង្គចន្ទ័។ ពាក្យ ឬស័ព្ទថៃមួយចំនួនដែលមានប្រភពចេញពីខ្មែរ មានជាអាថ៌ៈ ជិត, ជុម, ច្រូត, ដើរ, ខែង, អោយ, ពួក, ពេញ, ដាច់, ជាវ, និង កើយជាដើម ដែលជាមេពាក្យ។ ក៏ប៉ុន្ដែទន្ទឹមនឹងនេះ ជនជាតិថៃក៏បាននិយាយពាក្យកម្លាយ ដែលកើតចេញពីវិធីកម្លាយពាក្យខ្មែរផងដែរ។
ឧទាហរណ៍ពាក្យអោយ បានឲ្យកំណើតជាពាក្យ អំណោយ, ពាក្យ ជុំ បានឲ្យកំណើតទៅជាប្រជុំជាដើម។ ជាព័ត៌មានបន្ថែម សូមជម្រាបថា រហូតដល់សព្វថៃ្ងនេះ ជនជាតិថៃនៅខេត្តនគរាជសីមាដែលមានដើមកំណើតជាខ្មែរនោះ នៅប្រើស័ព្ទខ្មែរខ្លះ ដូចជាពាក្យ ព្រះ (ប្រាះ), ភ្លើង "ហុយ", សំផឹង, ក្ត, គោក, ស្រះ, ត្រពាំង ជាដើម គួរឲ្យចាប់អារម្មណ៍។ ខាងលើនេះគឺជាស័ព្ទធម្មតា ដែលយើងបានកត់សំគាល់ដោយត្រួសៗ។ ក្រៅពីស័ព្ទធម្មតា ជនជាតិថៃក៏បានខ្ចីរាជស័ព្ទខ្មែរដែរ ដូចតទៅនេះ : រាជ, រាជវង្ស, ព្រះអង្គារ, ព្រះបាទ, ព្រះបរមរាជវាំង, ព្រះរាជស័ព្ទ, ស្តេច, សម្តេច, ព្រះរាជនី, ព្រះរាជនិពន្ធ, ព្រះរាជតម្រាស់, ព្រះរាជពិធី, ព្រះរាជបល្ល័ង្ក, ព្រះបរមសព, ព្រះរាជឱវាទ, ព្រះស្វេច្ឆ័ត្រ, ព្រះក្លស់, ព្រះមាលា, ព្រះហឬទ័យ, ទ្រង់, មានព្រះបន្ទូល, ព្រះហស្ត។ល។ គួររំលឹកផងដែរថា ពាក្យប្រាះថៃ គឺត្រូវបានកើតចេញពីពាក្យខ្មែរវ្រះ ឬព្រះ នាសម័យអង្គរយ៉ាងជាក់ច្បាស់ ពោលគឺមិនមែនប្រភពចេញពីពាក្យសំស្ក្រឹត-បាលី វរៈ ឬ វីរៈ ដូចគេបានសន្និដ្ឋានដោយភាន់ច្រឡំនោះទេ។ យ៉ាងណាមិញពាក្យវ៉ាត់ដែលសំដៅព្រះ វិហារ ឬ អារាម ខាងព្រះពុទ្ធសាសនា ក៏មានប្រភពចេញពីពាក្យខ្មែរសុទ្ធសាធដែរ តែនេះជារឿងមួយដែលគេពុំបានពន្យល់ឲ្យបាន ជាក់ច្បាស់ឡើយ ។ ខណៈពេលដែលមានកម្ចីស័ព្ទខ្មែរ ដើម្បីប្រើប្រាស់ជាផ្លូវការ ក្នុងរាជរដ្ឋាភិបាលថៃដំបូងបង្អស់ ដែលទើបតែត្រូវបានបង្កើតឡើងតាមរយៈការអនុវត្តនូវហេដ្ឋារចនាសម្ព័ន្ធនយោបាយខ្មែរដោយអ្នកប្រាជ្ញថៃ តាមលំនាំខ្មែរ អត្ថបទអក្សរសិល្ប៍ខ្មែរមួយចំនួនក៏ត្រូវបានយកមកប្រើប្រាស់ផងដែរ។ ជុំវិញបញ្ហានេះ យើងអាចបញ្ជាក់ថា តាមការសិក្សាវិភាគ ដោយការប្រៀបធៀបអក្សរសាស្ត្រខ្មែរ និង ថៃបុរាណ គេអាចបញ្ជាក់ថា កវីបណ្ឌិតថៃ នៅខេត្តសុខោទ័យ និង អយុធ្យាបានខ្ចីវេយ្យាករណ៍ខ្មែរ ដើម្បីតុបតែងអត្ថបទរដ្ឋបាល អក្សរសិល្ប៍ និង អក្សរសាស្ត្ររបស់គេ ថែមទៀតផង។ ជាមែកធាងមួយនៃវប្បធម៌ អត្ថបទអក្សរសិល្ប៍ រមែងតែពាក់ព័ន្ធនឹងរឿងរ៉ាវផ្សេងៗ ដែលត្រូវបានតែងឡើង ដោយប៉ិនប្រសប់ ឬសិល្បៈ ដើម្បីធ្វើឲ្យអ្នកចូលចិត្តមានការរំភើបញាប់ញ័រ និង ជក់ចិត្ត។ សារចម្បងមួយទៀត គឺការអប់រំសង្គម ដែលឆ្លុះបញ្ចាំងនូវទស្សនៈរបស់អ្នកនិពន្ធ។ តាមរយៈអក្សរសិល្ប៍ យើងក៏អាចកំណត់នូវទំនៀមទម្លាប់ប្រពៃណី ពោលគឺ ការវិវត្តន៍សង្គមមនុស្សនៅសម័យកាលណាមួយនៃប្រវត្តិសាស្ត្រផងដែរ។យោងតាមលទ្ធផលនៃការវិភាគត្រួសៗខាងលើនេះ អ្វីដែលទើបពោល គឺគ្រាន់តែបញ្ជាក់នូវឥទ្ធិពលរបស់វប្បធម៌ខ្មែរលើជនជាតិថៃក្នុងគ្រាបឋមនៃប្រវត្តិសាស្ត្រថៃតែប៉ុណ្ណោះ ៕ (ម.ត្រាណេ)