MT-17-01
អាណាចក្រ លង្កាស៊ូកា នៅហ្វូណន
មុនសម័យប្រវត្ដិសាស្រ្ដ គឺនៅទាន់មានអាណាចក្រ , ប្រទេស ឬ ក៏រដ្ឋនៅក្នុងភូមិភាគកណ្ដាលនៃឥណ្ឌូចិននេះនៅឡើយទេ ។ សញ្ញាណនៃអាណាចក្រគឺជាកម្ចីមកពីក្រៅ ដោយអនុវត្ដន៏និងកែលម្អ បន្ថែមតាមហេដ្ឋារចនាសម្ព័ន្ធនយោបាយនគរឥណ្ឌា នាដើមស.វទី១នៃគ.ស ។ យោងតាមព្រឹត្ដិការ ជាប្រវត្ដិសាស្រ្ដនេះ អាណាចក្រហ្វូណនដែលជារដ្ឋខ្មែរដំបូងបង្អស់នោះ ពិតណាស់ថាវាត្រូវបានកើតឡើង ដោយការច្របាច់បញ្ចូលគ្នានូវសហគមន៏មនុស្សតូច ធំទំាងឡាយអោយក្លាយជាធ្លុងមួយក្រោមអំណាចកណ្ដាលដែលមានព្រះមហាក្សត្រជាប្រមុខ ។ បើយោងតាមកាលប្បប្រវត្ដិចិននៃរាជវង្សលាង នាស.វទី៦ គឺថានៅឧបទ្វីបមលយូ និង ក្នុងតំបន់នានានៃភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន មានរដ្ឋតូចធំជាច្រើនត្រូវបានគេបង្កើតឡើង តែបណ្ដារដ្ឋទំាងឡាយនោះសុទ្ធតែត្រូវបានត្រួតត្រាគ្រប់គ្រង ដោយអាណាចក្រហ្វូណនទំាងអស់ ។ កំនត់ត្រានោះបានបញ្ជាក់ទៀតថា ក្នុងចំណោមរដ្ឋចំណុះទំាង នោះ គឺមានតែរដ្ឋពីរទេ ដែលមានភាពរុងរឿងគួរអោយកត់សម្គាល់ ពោលគឺរដ្ឋ លង្កាស៊ូកា និង រដ្ឋជាប់ គ្នានេះមួយទៀត ដែលក្រោយមកមានឈ្មោះថា បាត្ដានី ។ ភាពរុងរឿងនៃរដ្ឋទំាងពីរនេះក៏ដោយសារ កត្ដាភូមិសាស្រ្ដដែលអំណោយផលដល់ពាណិជ្ជកម្មទំាងផ្លូវគោក និង ទំាងផ្លូវសមុទ្រនោះផងដែរ ។ ( ម.ត្រាណេ )