Cd- 848
ចម្លាក់ព្រះផ្ចាញ់មារនៅប្រាសាទពិមាយ
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចម្លាក់គំនូរនៅតាមវត្តអារាមទាំងឡាយរបស់ប្រទេសមួយចំនួន ដែលកាន់ព្រះពុទ្ធសាសនា ដូចជាខ្មែរ ថៃ លាវ (ឡាវ) និងភូមា សុទ្ធសឹង តែត្រូវគេដកស្រង់ចេញយកពីពុទ្ធប្រវត្តិ ជាពិសេស ទសជាតក ។ ដូច្នេះតាមរយៈវិស័យសិល្បះបែបនិយមទាំងនោះ យើងឃើញលទ្ធិព្រះពុទ្ធសាសនាត្រូវបានពេញនិយម ឬគាំទ្រពីប្រជានុរាស្ត្រយ៉ាងខ្លាំងក្លា ។ សម្រាប់ខ្មែរទង្វើនេះ ត្រូវបានប្រារព្ធប្រតិបត្តិ តាំងពីការកកើតឡើងនៃនគរភ្នំ ឬហ្វូណន ដែលក្រោយមកបានក្លាយជាព្រះរាជាណាចក្រចេនឡា និងកម្ពុជាបច្ចុប្បន្ន ។ ហើយក្នុងការឆ្លាក់ ឬគូររូបពុទ្ធប្រវត្តិនៅតាមវត្តទាំងនោះ គេតែងតែប្រើជំនាញខាងឆ្លាក់ ឬ គូរ និង ធ្វើតាមបទបញ្ញាត្តិដែលត្រូវជ្រើសតាំងដោយចៅអធិការវត្ត បើពុំដូច្នេះទេ គេមានជំនឿថា នឹងពុំមានឫទ្ធីបុណ្យបារមីឡើយ ។
នៅក្នុងចំណោមចម្លាក់បុរាណខ្មែរទាំងឡាយ ដែលប្រសូតចេញពីជំនឿមុះមុតលើលទ្ធិព្រះពុទ្ធសាសនានាសម័យអង្គរ ហើយដែលគេចាត់ទុកថា សំខាន់ជាងគេ គេឃើញចម្លាក់ព្រះផ្ចាញ់មារមួយ ដែលឆ្លាក់លើធ្នឹមមួយ នៅផ្នែកខាងក្នុងចូលទៅកាន់ប្រាង្គប្រធាននៃប្រាសាទពិមាយដែលជាទីតាំងស័ក្កិសិទ្ធិជាងគេ ។ ព្រោះថា គឺនៅទីនេះហើយដែលគេតម្កល់ចម្លាក់ព្រះពុទ្ធរូបមួយយ៉ាងធំប្រក់នាគ ព្រះនាមថា ជ័យពុទ្ធមហានាថ ក្នុងរាជ្យរបស់ព្រះបាទជ័យវរ័ន្មទី៧ ។ នៅពេលដែលគេពិនិត្យវត្តអារាមថៃ នៅក្នុងបណ្តាខេត្តមួយចំនួន នៅភូមិភាគឥសាន នៃប្រទេសថៃសព្វថ្ងៃ ដែលមានគំនូរវត្ត គេមានអារម្មណ៍ថា វណ្ណកម្មបែបពុទ្ធនិយមរបស់វិចិត្រករថៃនាសម័យទំនើប ពិតជាបានទទួលឥទ្ធិពលពីស្នាដៃឯកខាងលើរបស់ខ្មែរសម័យអង្គរ ។ ហើយចម្លាក់ខាងលើនេះ ក៏ជាចម្លាក់បុរាណតែមួយគត់ ដែលសេសសល់រហូតដល់សព្វថ្ងៃ ក្រោយពីប្រតិកម្មសិវនិយម ៕ (ម.ត្រាណេ)