Cd-975
ឥទ្ធិពលនៃលទ្ធិតន្ត្រៈ នៅអតីតប្រទេសកម្ពុជា
អ្នកស្រាវជ្រាវខាងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ថា លទ្ធិហិននិយាន ក៏ដូចលទ្ធិមហាយានបានហូរចូលមកក្នុងអតីតនគរខ្មែរនៅសម័យវប្បធម៌ហ្វូ-ណនរវាងដើមស.វទី១មកម្ល៉េះ។ ការផ្សព្វផ្សាយនៃលទ្ធិមហាយាននេះ បាននាំឲ្យមានការលេចធ្លោឡើងនូវចម្លាក់សំខាន់ៗតំណាងឲ្យព្រះអាទិទេពនៃទេវកថាវិទ្យា បែបមហាយានដែលគេបានរកឃើញនូវឧបទ្វីបឥណ្ឌូ-ចិន។ វឌ្ឍនភាពនៃលទ្ធិមហាយានដ៏សំខាន់នេះ គឺបណ្តាលមកពីភាពមិនតឹងរឹងនៃទស្សនៈវិទ្យាថ្មីនេះ។ បើនិយាយម្យ៉ាងទៀត ហេតុដែលបណ្តាលឲ្យលទ្ធិមហាយានមានភាពលូតលាស់រឿងអស្ចារ្យ គឺបណ្តាលមកពីលក្ខណៈវេញផ្គុំ ឬ សំយោរវាងលទ្ធិព្រះពុទ្ធសាសនា និង លទ្ធិព្រហ្មញ្ញសាសនា ដែលជាលក្ខណៈជាគំនិតខ្មែរ។ ដូច្នេះ យើងបានជានៅក្នុងបរិវេណមាត់ទន្លេស្រែមូលក៏ដូចនៅអង្គរបុរី....ដែនដីសណ្តកម្ពុជាក្រោម និង ដងទន្លេចៅប្រាយ៉ា....លទ្ធិសាសនាខាងលើនេះ មានការរីកចំរើនយ៉ាងឆាប់រហ័សអស្ចារ្យតាំងតែចុងស.វទី៣ ដើមស.វទី៤ រីឯនៅខ្ពង់រាបនគររាជសីមាគឺលេចធ្លោឡើងពីស.វទី៧ ដល់ទី៩នៃគ.ស។
ភស្តុតាងផ្នែកស្ថាបត្យកម្ម ដែលគេអាចលើកបង្ហាញរួមមានព្រះពុទ្ធបដិមាមហាយាន និង សាសនស្ថាន ឬព្រះចេត្យីមួយចំនួន ដែលមានរាងបួនជ្រុង ស្មើ ឬជាកាកបាទមានមុខទាំង៤ទិស ដោយមានគំនូសខ្វែងគ្នា។ ឧទាហរណ៍ ជាវិជ្ជមានមួយទៀត ដែលយើងអាចរំឮកនៅទីនេះ គឺប្រាសាទបាយ័ន ប្រាសាទភ្នំរុង ប្រាសាទពិមាយ ប្រាសាទមឿងសិង្ហ ប្រាសាទបន្ទាយឆ្មារ នាសម័យមហានគរពីស.វទី៩-១៣នៃគ.សជាដើម សុទ្ធសឹងតែទទួលឥទ្ធិពលពីលទ្ធិតន្ត្រៈទាំងអស់។ ពិសេសទៅទៀត ចំពោះវិស័យបដិមាសាស្ត្រ យើងឃើញព្រះពុទ្ធរូបត្រីកាយ ដែលជាទំរង់មួយដ៏ឆ្នើម ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលគេឃើញព្រះប្រក់នាគ នៅកណ្តាល (ជំនួសព្រះវិស្ណុ) អមនៅខាងស្តាំដោយព្រះអវលោកេស្វរៈ និងខាងឆ្វេងដោយព្រះប្រាជ្ញាបារមិតា។ យ៉ាងណាមិញ នៅក្នុងបរិវេណនៃប្រាសាទភ្នំរុង ប្រាសាទភិមាយ និងអង្គរធំ គេបានជួបប្រទះនូវព្រះពុទ្ធបដិមាជាច្រើនធ្វើអំពីដីដុត សំរិត និងសំណ ទំហំផ្សេងៗគ្នា បែបតន្ត្រៈ ដែលជាភស្តុតាងនៃអាទិភាពនៃលទ្ធិតន្ត្រៈ ដូចជា ព្រះវជ្រធរជាដើម។ ក្រៅពីនេះ គេក៏បានជួបព្រះពុទ្ធបដិមាសំរិត និងថ្មមួយចំនួនតំណាងឲ្យព្រះពុទ្ធប្រក់នាគ ប្រថាប់ជាអង្គប្រធាន នៅចំកណ្តាលអាសនៈមួយ ដែលសងខាងអមដោយបរិវារ គឺព្រះអាមិតាភៈ ព្រះធយានិពុទ្ធ ព្រះនាចាកិណិជាដើម មានប្រភពចេញពីតន្ត្រៈនិកាយទាំងអស់។ អ្វីដែលទើបពោលខាងលើនេះ វាក៏អាចគូសបញ្ជាក់តាមរយៈតឹកតាងនៃចម្លាក់ចិនបែបមហាយានមួយចំនួននាចុងស.វទី៥ ដើមស.វទី៦ផងដែរ។ ពោលគឺចម្លាក់ចិនមួយចំនួន ដែលគេទើបបានជួបប្រទះកាលពីឆ្នាំ ២០០៦ នៅភូមិស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ (ម.ត្រាណេ)