Cd-904
ព្រះនាងបរវតី
ព្រះនាងបរវតីជាព្រះមហេសីទី២ របស់ព្រះឥសូរ ឬ ព្រះសិវៈ ព្រះនាងបរវតី មានព្រះរាជបុត្រមួយអង្គ គឺព្រះស្កន្ទៈ ។ ក្នុងប្រព័ន្ធសមីកា ព្រះនាងមាន ឋានៈស្មើនឹងព្រះនាងសតី ដែលជាអគ្គមហេសីទី១ របស់ព្រះសិវៈដ៏មានបុណ្យបារមី ។ តាមទេវកថាវិទ្យាបែបព្រហ្មញ្ញសាសនា ព្រះនាង គឺជាព្រះរាជបុត្រីរបស់ ហិបវនបព៌ត ពោលគឺភ្នំហិមពាន្តដ៏ស័ក្តិសិទ្ធិដែលជាលំនៅស្ថានរបស់ព្រះសិវៈ ។ ដូចនេះពាក្យបរវតី គឺមានន័យថា បុត្រីរបស់ភ្នំបព៌តចំពោះព្រហ្មណ៍សាសនិក ។ ព្រះនាង គឺជាព្រះអាទិទេពភេទស្រីមួយព្រះអង្គ ឬក៏ជាទេពធីតា ដែលប្រកបដោយមេត្តាធម៌ដ៏ជ្រាលជ្រៅ និងមានរូបដ៏ឆោមល្អ ហើយមានមន្តស្នេហ៍ដ៏កម្រ ដែលកវីបណ្ឌិតក្នុងសម័យបុរាណរមែងតែលើកតម្កើងមិនស្រាកស្រាន្ត តាមរយៈកំណាព្យកាព្យឃ្លោង ។ គឺគុណសម្បត្តិទាំងអស់នេះហើយ ដែលធ្វើឲ្យព្រះនាងមានឈ្មោះបោះសម្លេងវែងឆ្ងាយក្នុងចក្រភពកម្ពុជទេស។ ក៏ប៉ុន្តែទន្ទឹមនឹងនេះដែរ សម្រាប់បាបជន ជាជនអាក្រក់វិញ ពួកគេតែងតែត្រូវព្រះនាងផ្ចាញ់ បង្រា្កប ដោយព្រះនាងក្រឡាខ្លួនទៅជាព្រះអាទិទេពមួយដ៏កាចសាហាវ គួរឲ្យព្រឺព្រួច កោតខ្លាចណាស់។ សូមជម្រាបថា វរកាយផ្ចាញ់មារ អសុរកាយ ដើម្បីសង្គ្រោះមនុស្សជាតិខាងលើនេះ កម្រជួបណាស់ក្នុងបដិកម្មខ្មែរបុរាណ ផ្ទុយទៅវិញ គេច្រើនតែឃើញនៅក្នុងសិល្បៈឥណ្ឌា។ មានន័យថា វិចិត្រករខ្មែរ បានប្រែមុខមាត់កាចសាហាវទៅជាសោភ័ណ្ឌភាព ។
ឧទាហរណ៍ជាក់ស្តែងមួយ ប្រកែកពុំបាន ខុសពីចម្លាក់បុរាណឥណ្ឌា វិចិត្រករខ្មែរ មិនបានតំណាងព្រះអាទិទេពអង្គរនេះ ក្រោមរូបភាពជាទេព្តាប្រថាប់គង់លើសត្វខ្លាដែលមានឈ្មោះថា ព្យគ្ឃះឡើយ ។ ដូចនៅប្រទេសឥណ្ឌា ក្នុងវប្បធម៌ខ្មែរបុរាណ ព្រះនាងបរវតីត្រូវបានជនជាតិខ្មែរចាត់ទុកថា ជាទេព្តាដ៏កំពូលដែលទទួលបាននូវការគោរពបូជាយ៉ាងទូលំទូលាយពីមនុស្សគ្រប់មជ្ឈដ្ឋាន ។ ចម្លាក់ព្រះនាងបរវតី ត្រូវបានជួបប្រទះនៅក្រុងឥសានបុរៈ ឬសម្បូរព្រៃគុក ជាពិសេសនៅប្រសាទ N9 នៃក្រុមប្រាសាទខាងជើង។ តាមខ្លឹមសារនៃសិលាចារឹកជាភាសាសំស្ក្រឹត យើងក៏បានដឹងទៀតថា ព្រះទេពធីតាអង្គនេះ មានអវតារមួយចំនួន ដែលជាការបែងភាគ ពីព្រះវរកាយរបស់ទ្រង់ ដូចជាព្រះនាងកាលី, គោរី ទូគ៌ា និង អម្ពិកាជាដើម ។ មហិទ្ធិឫទ្ធិ ដ៏ខ្លាំងក្លារបស់ព្រះអង្គ ត្រូវបានគូសបញ្ជាក់តាមរយៈរូបចម្លាក់បុរាណខ្មែរមួយចំនួនដែលគប្បីយើង ត្រូវរំលឹកនៅទីនេះ ។ ជាទូទៅ សិល្បករខ្មែរច្រើនតែតំណាងព្រះអង្គមានព្រះហស្ថពីរ ច្រើនជាងព្រះសហ្ថបួនដូចមាននៅប្រទេសឥណ្ឌា ។ សូមជម្រាបផងដែរថា ទស្សនៈវិស័យចំពោះឫទ្ធិអំណាចរបស់ព្រះនាងបរវតី ក៏ត្រូវបានចង្អុលបង្ហាញតាមរយៈរឿងព្រេង មួយចំនួនផងដែរ ដូចជាបារមីរបស់នាងខ្មៅ នៅប្រាសាទនាងខ្មៅក្នុងខេត្តតាកែវ និងអត្ថបទភ្លេងអារក្ស ឈ្មោះស្រីខ្មៅជាដើមហើយដែលគេធ្លាប់តែនិយមប្រតិបត្តិពីសម័យដើម។ ជំនឿលើព្រះនាងបរវតីខាងលើនេះ គឺជាកេរ្តិ៍ដំណែលវប្បធម៌សំស្ក្រឹតនាសម័យបុរេអង្គរ ដែលជាសក្ខីកម្មនៃសម្ព័ទ្ធភាពផ្នែកជំនឿសាសនារវាងឥណ្ឌា និងខ្មែរ ដែលបានមកពីសម័យនគរភ្នំ ៕ (ម.ត្រាណេ)