តាមខ្លឹមសារសាស្ត្រាស្លឹករឹត គួបផ្សំនឹងបណ្តាអស់លោកចាស់ទុំថា កាលមុនគ្រឹស្តសករាជ ជាយូរលង់ណាស់មកហើយ ស្រុកបាភ្នំកើតឡើងមានឈ្មោះ ថា អង្គរភ្នំ ។ អង្គរភ្នំមានព្រះមហាក្សត្រ ដឹកនាំ ប្រកបដោយមេទ័ព ប្រុសស្រី គ្រប់ប្រភេទ ទ័ព និងកំលាំងពលករតាមតំបន់អាណាខេត្ត ។
រូបភាព ១-២ : ប្រាសាទច័ន្ទក្រោយឆ្នាំ ១៩៩៣ (ម.ត ១៩៩៣) និង ថ្មពិសិដ្ឋលើភ្នំបាភ្នំ (ម.ត ២០០៣)
ភ្នំនីមួយៗមានវត្ថុបុរាណជាទីតាំង ដូចជាកំពូលភ្នំឈើកាច់ ដែលមានចេតិយមួយធំដូចជា ចេតិយវត្តភ្នំ តែត្រូវខូចខាតដោយរបបប៉ុលពត ។ ភ្នំសំពៅមានរាងថ្ម ដូចជាគេរៀបបាវស្រូវ នៅគូថសំពៅ ។ល។ ទ័ពការពារនគរភ្នំ គឺមានទ័ពបា ទ័ពមេ ជាច្រើន ។ ទ័ពបា និង ទ័ពមេតែងតែប្រលងប្រជែងគ្នា លើការងារ បំរើនគរ ហើយនាំគ្នាពូនភ្នំប្រលងប្រជែងគ្នា ។ ខាងបា គេពូនភ្នំខាងបា មេដែងគេពូនភ្នំខាងមេដែង ។ បន្ទាប់ពីខាងបា ត្រូវពូនភ្នំចាញ់មេដែង គេបន្តការប្រលងបាញ់ធ្នូ ស្នា ទៅវិញទៅមក។ ខាងទ័ពបា គេកាច់ឈើល្អៗ ធ្វើព្រួញបាញ់ទៅខាងមេដែងជាប់នាមមកថា ភ្នំឈើកាច់។ ខាងទ័ពភ្នំមេដែង គេកាច់ឈើតូចតាចមិនល្អធ្វើព្រួញបាញ់មកខាងទ័ពភ្នំបាម្ល៉ោះហើយភ្នំឈើកាច់មានដើមឈើតូចៗ ទាបមិន ល្អដូចសព្វថ្ងៃ ជាប់នាមមកថា បាភ្នំនិងភ្នំជើងមេដែង ។
មានមេទ័ពមួយមានរិទិទ្ធខ្លាំងក្លាឈ្មោះ តេជោ ។ មេទ័ពនេះសំណប់ចិត្តព្រះមហាក្សត្រ ។ ក្រោយមក តេជោ នាងរ័ត្នមានកូនប្រុសមួយឈ្មោះ មគ្គរីផល ។ ប្តីប្រពន្ធ ក៏បានបញ្ជូនឲ្យទៅបំពេញវិជ្ជា នៅប្រទេសក្រិច ។
ក្រោយមកទៀត ស្តេចក្រិចពេញចិត្ត និងមគ្គរីផល ក៏លើកកូនស្រីឈ្មោះ មេស ឲ្យទៅមគ្គរីផល និងមានកិច្ចឹសន្យាមិនឲ្យមគ្គរីផលវិលទៅប្រទេសវិញ ដោយតែងតាំងឲ្យធ្វើជាមេទ័ពប្រទេស ក្រិច។ ក្រោយមកទៀត មគ្គរីផលបានកូនប្រុស មួយមាននាមថា គរីជោគ ។ កាលនោះនគរភ្នំមានសង្គ្រាម ឪពុក មគ្គរីផល ក៏បានធ្វើសំបុត្រទៅប្រទេសក្រិច ឲ្យកូនប្រុស មកកាន់ប្រទេសជាបន្ទាន់ ដោយយកលេសថា ខ្លួនមានជម្ងឺធ្ងន់ ពេលនោះ មគ្គរីផលក្បត់និងកិច្ចសន្យា ដែលខ្លួនបានព្រមព្រៀង ជាមួយឪពុកក្មេងថា មិនវិលមកកាន់ប្រទេសវិញ ដោយខ្លួនបានលបលួចមក នគរភ្នំ ដើម្បីជួយឪពុកច្បាំង និងសត្រូវ ក្រោយពីបានឈ្នះសង្គ្រាមលើសត្រូវឈ្លានពាននៅនរគភ្នំ ឪពុក មគ្គរីផល បានតែងតាំងឲ្យធ្វើជាមេទ័ពប្រចាំនគរ ។
ក្រោយមកទៀត ស្តេចប្រទេសក្រិច ខឹងនិងកូនប្រសារយ៉ាងខ្លាំង ដែលបានក្បត់ពាក្យសន្យា ក៏រក មធ្យោបាយសំលាប់ មគ្គរីផល ដោយធ្វើហឹបយន្តឲ្យមគ្គរីផលមួយ ពេលបើកហឹបនោះឡើង កាំបិតយន្ត បានកាត់ក្បាល មគ្គរីផលទំលាក់ក្នុងហឹបយន្តនោះស្លាប់ទៅ ។ ស្តេចខ្មែរមានការសោកស្តាយជាខ្លាំង ចំពោះការស្លាប់របស់មគ្គរីផល ដែលជាមេទ័ពខ្លាំងពូកែ ក៏បានធ្វើបុណ្យឧទ្ទិសផលជូនចំនួន ៧ ថ្ងៃជា រៀងរាល់ឆ្នាំ ។ ក្រោយមកបុណ្យនេះ នៅសល់តែបីថ្ងៃ គឺថ្ងៃទី ១៣, ១៤, ១៥ កើតខែជេស្ឋរៀលរាល់ឆ្នាំ ។ ហៅក្លាយថា ជាបុណ្យឡើងអ្នកតា ‹អ្នកតាមគ្គរីផល› ។ ម្យ៉ាងវិញទៀត ភាពស័ក្តិសិទ្ធល្បីល្បាញ នៃទី ក្រុងបាភ្នំ ក៏ពាក់ព័ន្ធទៅ នឹងប្រាសាទបុរាណមួយដែរ គឺប្រាសាទនេះត្រូវរលំរំលុះនាសម័យ ប្រល័យពូជ សាសន៍ប៉ុលពត ។
ចំពោះប្រាសាទច័ន្ទនៅក្រោមជើងនៃភ្នំបាភ្នំវិញ អ្នកស្រុកប៉ាន់ស្មានថា ឈ្មោះ ច័ន្ទ នេះមកពី ពាក្យចាម ។ តាមពិតទៅប្រាសាទនេះត្រូវបានស្ថាបនាឡើង នាសម័យអង្គរដើម្បី ឧទ្ទិសចំពោះ លទ្ធិ ព្រហ្មញ្ញសសនា ។ បូជនីយដ្ឋានច័ន្ទនេះ មានទំហំប្រមាណជា ៨០ម៉ែត្របួនជ្រុង ហើយមានខឿនធ្វើអំពីថ្មបាយក្រៀមហ៊ុំព័ទ្ធជុំវិញ។ ប្រាសាទច័ន្ទស្ថិតក្នុងភូមិបាភ្នំ ក្នុងបរិវេណវត្តព្រះវិហារគុក ដែលស្ថិតនៅលើជម្រាលភ្នំបាភ្នំក្នុងខេត្តព្រៃវែង។ ប្រាសាទសម័យអង្គរនេះត្រូវបាន បំផ្លាញទាំងស្រុងទៅហើយ ដោយគ្រាន់តែបន្សល់ទុកនូវទម្រង់និងស៊ុំទ្វារចូល ដែលធ្វើអំពីថ្មភក់ទេ ។ ប្រាសាទនេះមានក្លោងទ្វារ ចូលចំនួន៣ បែរមុខទៅខាងកើត ព្រមទាំងទ្វារបង្អួចចំនួន៣ សម្រាប់បំភ្លឺនៅពេលយប់ ។ ដើម្បីទៅកាន់ ប្រាសាទច័ន្ទ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ១ ។ ក្រោយពីឆ្លងកាត់កំពង់ចម្លងអ្នកលឿងចម្ងាយ ៥៦គ.មពីភ្នំពេញមក គេត្រូវធ្វើដំណើរបន្តទៀត ឆ្ពោះទៅកាន់ខេត្តស្វាយរៀង មកដល់ត្រង់ចំណុចមួយ ដែលមានចម្ងាយត្រឹមតែ ៩ឬ១០គ.មតែប៉ុណ្ណោះ គេនឹងឃើញប៉ាណូមួយនៅខាងឆ្វេង វង្អុលផ្លូវបែក ចូលទៅកាន់រមណីយដ្ឋានបាភ្នំ ។ គេត្រូវធ្វើដំណើរតទៅទៀតប្រមាណជា ៣គ.ម ហើយបែរទៅផ្លូវលំ មួយខាងស្តាំ ទើបមកដល់ភូមិបាភ្នំ ចម្ងាយប្រមាណជា៧គ.ម ។
ពីដើមមុនឆ្នាំ១៩៧០ គេសង្កេតឃើញមានគុហារតូចៗជាច្រើន ដែលមានតម្កល់ព្រះបដិមា បុរាណជាច្រើន តែឥឡួវនេះត្រូវបានលួចប្លន់ ឬបំផ្លាញចោលទាំងស្រុងទៅហើយ ។ នៅឯខាងលិចភ្នំ គឺគុហារកែវ និងស្រះកែវអាថកំបាំង ។ នៅភ្នំធំ មានគុហារមួយឈ្មោះ គុហារចិវ ដែលមានរូងមួយជ្រៅ ។ នៅជាប់គុហារតូច ខាងជើងឈៀងឥសាន្ត មានគុហារធំមួយមានពុទ្ធដិមាករធំមួយ សាងអំពីថ្មបាយ ក្រៀម ហើយក្លាយមកជាវត្តគុហារធំ ។ នៅមុខប្រាសាទច័ន្ទប្រហែល ៣០០ម មានស្រះមួយឈ្មោះ ស្រះស្រង់ ហើយនៅខាងកើតស្រះស្រង់ជាកន្លែងចេតិយបូរាណធំមួយ ដែលបាក់បែកអស់ ហើយ សព្វថ្ងៃបានក្លាយវត្តកំពូលឈើកាច់ ។
សូមសម្រាបថា ចំពោះយើង ការដែលគេយកនេះថា ពាក្យច័ន្ទ មកពីពាក្យចាម គឺមិនសមស្របទេ ៕ (ម.ត្រាណេ)